ដើមកំណើតខ្មែរឥស្សរៈ - J-share

Friday, June 23, 2017

ដើមកំណើតខ្មែរឥស្សរៈ

កំណកំណើត
រូបភាពពី http://library.cen.com.kh

ចលនាតស៊ូ​ដំបូង​នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​បច្ឆាជន​ដ៏​មាន​ឥទ្ធិពល​ម្នាក់​របស់​អភ័យ ធីបេស “បែន” ឈ្មោះ ប៉ុក គុណ ឬ ប៉ុក ផល្គុណ ហៅ​តាត្រឡាច​។ គាត់ និង​បក្សពួក​បាន​ដាក់ឈ្មោះ​ថា “ចលនា​ខ្មែរឥស្សរៈ” មាន​មូលដ្ឋាន​បង្អែក​នៅ​ខេត្ត​បាត់ដំបង ដែល​កាលនោះ​ជា​ដែនដី​ស្ថិតនៅ​ក្រោមការ ត្រួតត្រា​របស់​ថៃ មួយរយៈពេល​ខ្លី ឆ្លៀតពេល​ដែល​បារាំង​ចាញ់​ដៃ​ក្នុង​សង្គ្រាមលោក​លើក​ទី​២ និង​ត្រូវ ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នៃ​អំណាច​យោធា​ជប៉ុន​។ ចលនា​នេះ មាន​ទីស្នាក់ការ​ធំ​នៅផ្ទះ​អ្នក ល៉្មាយ ដែល ជា​កូនស្រី​ម្នាក់​នៃ​ត្រកូល “កថាថន” ដែល​ជា​បច្ឆាជន​របស់​អភ័យធីបេស “បែន” ដែរ​។ តា ត្រឡាច បាន​តាំង​មេដឹកនាំ​ផ្ទាល់ ដែល​ជា​អតីត​គ្រូបង្រៀន​ម្នាក់ ឈ្មោះ រស់ យឿន និង​ភូឈួយ​របស់​គាត់ ឈ្មោះ បូរិន​។ ចលនា​ខ្មែរឥស្សរៈ​បាន​ធ្វើ​ប្រតិបត្តិការ​តែ​នៅ​ក្នុង​តំបន់​ទីរួមខេត្ត និង​ជាយ​ទីក្រុង​បាត់ដំបង ពិសេស នៅ​ម្ដុំ វត្តក្តាំងងារ វត្តលៀប និង​វត្តពិភិទ្ឋរង្សី ហៅ​វត្តកំភិត​។


នៅ​ក្នុង​ស្នាដៃ “ចរិតខ្មែរ” របស់​គាត់, លោក ប៊ុណ្ណ ចន្ទម៊ុល ពិតជា​មិន​បាន​បង្ហាញ​កំណើត​ដើមទង របស់​ខ្មែរឥស្សរៈ​ឱ្យ​បាន​ជាក់ច្បាស់​នោះ​ទេ ហេតុដូច្នេះហើយ ទើប​មាន​អ្នកអាន​ជាច្រើន​យល់ថា រូប​គាត់ តែម្នាក់ ដែល​ជា​មេ​ផ្ដួចផ្ដើម​បង្កើត​ចលនា​ឥស្សរៈ​ដំបូងៗ​នោះ​។ ម៉្យាងទៀត ទាក់ទិន​នឹង​បញ្ហា វាក្យសព្ទ “ឥស្សរៈ” នេះ គាត់​បាន​ឱ្យ​និយមន័យ​ថា “ធំ, មិន​កញ្ជះ​គេ, ជា​អ្នកជា​។ ដូច្នេះ ខ្មែរឥស្សរៈ គឺជា​ក្រុម​ខ្មែរ ដែល​ជា​ម្ចាស់​លើ​ខ្លួនឯង គ្មាន​នៅ​ក្រោម​អំណាច​នរណា, ជា​ខ្មែរ​មាន​ឯករាជ្យ, មាន​សេរីភាព, មាន​សិទ្ធិ គ្រប់គ្រាន់​ជា​ខ្មែរ”​។ តើ​ដោយសារ ខ្មែរឥស្សរៈ ជា​ខ្មែរ​មិន​កញ្ជះ ឬ នៅ​ក្រោម​បង្គាប់​គេ​ដូច្នេះ​ហើយ​ឬ ដែល​បណ្តាល​ឱ្យ​ពួក​មេដឹកនាំ​ខ្មែរឥស្សរៈ​មិន​រវល់​ទៅ​ពឹងពាក់​កម្លាំង ឬ​ជំនួយ​ពី​បរទេស ដែល​អាច​នាំ​ឱ្យ ពួកគេ​ធ្លាក់​ក្នុង​អន្លង់ ឬ​នឹម​ត្រួតត្រា​របស់​បរទេស​នោះ​? ម៉្លោះហើយ ដើម្បី​ជំនួស​ជំនួយបរទេស តើ​ពួកគេ ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើការ​តស៊ូ​បាន​។

សមាជិក និង​ការ​រីក​លូតលាស់
រូបភាពពី https://thmeythmey.com

មាន​ហេតុផល​ជាច្រើន​ដែល​ផ្ដល់​ឱកាស​ឱ្យ​ចលនា​ខ្មែរឥស្សរៈ​រីក​ធំធាត់ និង​ប្រមូល​បាន​កា​រគាំទ្រ យ៉ាង​ច្រើន​ពី​សំណាក់​ប្រជាជន​ខ្មែរ​។ មូលហេតុ​មួយ​ក្នុង​ចំណោម​ហេតុផល​សំខាន់ៗ​បំផុត គឺ​ដោយសារ​ការ គាបសង្កត់​ពី​សំណាក់​បារាំង​។ ដូច​ដែល​គេ​បាន​ដឹង មាន​មន្ត្រី​ អាណានិគម​បារាំង​មួយចំនួនធំ តែង​ធ្វើការ គាបសង្កត់ ទារ​ពន្ធដារ​ធ្ងន់ធ្ងរ​មក​លើ​ប្រជារាស្ត្រ​ខ្មែរ​ក្រីក្រ​។ ដូច្នេះ​ហើយ ទើប​មាន​ការ​តស៊ូ​វាយ​បារាំង​ឆ្នាំ ១៩៨៤-១៩៨៦ ព្រឹត្តិការណ៍​១៩១៦ ព្រឹត្តិការណ៍​សម្លាប់​លោក​បារដេស​ឆ្នាំ១៩២៥ និង​បាតុកម្ម​ឆត្រ របស់​ព្រះសង្ឃ​ឆ្នាំ​១៩៤២​ជាដើម​។ ទាំងនេះ អាច​ជា​មូលហេតុ​សមរម្យ​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ក្រោកឈរ​ឡើង ប្រឆាំង​បារាំង​។

លើសពីនេះ​ទៅទៀត ក្រោយ​ការ​ចាប់ខ្លួន​របស់​អាចារ្យ ហែម ចៀវ នៅ​ឆ្នាំ​១៩៤២​ក៏​បាន​ជំរុញ​ឱ្យ ព្រះសង្ឃ​ខ្មែរ​ជាច្រើន រត់​ចូលរួម​ជាមួយ​ចលនា​នេះ​ដែរ​។ ការ​ភ័យខ្លាច​បណ្ដាលមកពី​ការ​មាន​ការ​រំលោភបំពាន​ពីសំណាក់​បារាំង ដូចជា​គំរូ​ក្នុង​ការ​តាម​ចាប់ខ្លួន​ជន​ស្នេហាជាតិ ប៉ាច ឈឺន និង​ចុងក្រោយ​ការ​ចាប់ខ្លួន​លោក ស៊ឺង ង៉ុកថាញ់ នា​ឆ្នាំ​១៩៤៥ ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត នា​ពេល​បារាំង​វិល​មក​កម្ពុជា ជា លើកទី២ បាន​បង្ខំ​ឱ្យ​កូនចៅ បក្សពួក​របស់​គាត់ រត់​ទៅ​ខេត្ត​បាត់ដំបង និង ចូលព្រៃ​រួបរួម ជា​ចលនា​តស៊ូ​ឥស្សរៈ ដើម្បី​ជា​ការ​ដោះ​គេចខ្លួន និង​បុព្វហេតុ​ដ៏​សមស្រប​មួយ គឺ​តស៊ូ​ដណ្ដើម​ឯករាជ្យជាតិ នោះ​សម្រាប់ ពួក​អ្នកចេះដឹង​។ ដូច្នេះ​មធ្យោបាយ ដ៏​ល្អ​បំផុត​សម្រាប់​ពួកគេ គឺ​ចាប់កាន់​អាវុធ​ប្រឆាំង​បារាំង​។

ប៉ុន្តែ​បើ​តាម​លោក វ.ម. រេឌ្ឌី (V.M. Reddi) យល់ថា ការ​ចុះសន្ធិសញ្ញា ម៉ូឌុស វីវ៉ង់ឌី (Modus Vivendi) (កិច្ច​សន្យា​បណ្តោះ​អាសន្ន) ដែល​ទទួលស្គាល់​កា​វិលត្រឡប់​របស់​បារាំង មកកាន់​ប្រទេស​កម្ពុជា នា​ខែ​មករា​ឆ្នាំ​១៩៤៦ នោះ បាន​បញ្ឆេះ​អ្នក​មិន​ពេញចិត្ត​នឹង​រដ្ឋការ​បារាំង ឱ្យ​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង នាំគ្នា​ប្រឆាំង​បារាំង ជាមួយ​ខ្មែរឥស្សរៈ​ដែរ​។ ប៉ុន្តែ បើ​តាម​លោក ចន កូស (Jonh Coast) លើកឡើង​ថា “ខ្មែរឥស្សរៈ មិន​អាច​ធំធាត់ និង​អាច​ទាក់ទាញ​ការ ចាប់ អារម្មណ៍​ពីសំណាក់​បារាំង និង​រដ្ឋាភិបាល​ខ្មែរ​បានទេ បើ​សិន​គ្មាន ការ​គាំទ្រ​យ៉ាងខ្លាំងក្លា​ពីសំណាក់​បញ្ញវន្ត និង ជនជាតិ​ថៃ​ដែល​មាន​ចិត្ត​ស្អប់​បារាំង និង​លោភលន់​ចង់បាន​ទឹកដី​ខ្មែរ​នៅ​តំបន់​អង្គរ​។ ដូច្នេះ តើ​មតិយោបល់​របស់ លោកអ្នក​ប្រាជ្ញ​ណា​ម្នាក់​ដែល​ត្រឹមត្រូវ​ជាង​? ឬ មួយ​មាន​ហេតុផល​អ្វី​ផ្សេង​? ហើយ​នរណា​អាច​ជួយ​ផ្ដល់​ចម្លើយ​សមស្រប និង​ជាក់ស្ដែង​តាម​ព្រឹត្តិការណ៍ នៅ​ក្នុងកំលុង​ពេល​នោះ​?


ទោះជាយ៉ាងណាក៏ដោយ រហូតដល់​ឆ្នាំ​១៩៤៥ ចលនា​ខ្មែរឥស្សរៈ​មាន​អ្នកគាំទ្រ​ដែល​មាន​សមានចិត្ត​ទាំង​ប្រុស​ទាំង​ស្រី​ប្រហែល ៣០០០​នាក់ និង​មាន​កងទ័ព​ប្រហែល ១០០០​នាក់​នៅ​ឆ្នាំ​១៩៤៦ ដែល​អ្នក ទាំងអស់​នោះ ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ការវាយប្រហារ​ដំបូង នៅក្រុងសៀមរាប​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​១៩៤៦​។ ប្រភពពី wikipedia

No comments:

Post a Comment